ពលករខ្មែរធ្វើការសំណងនៅទីក្រុងបាងកក ថ្លែងសុំមិនបញ្ចេញឈ្មោះប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ខែកក្កដាថា លោកពីរនាក់ប្រពន្ធប្រថុយជីវិតបន្តធ្វើការនៅប្រទេសថៃមួយរយៈទៀត ដើម្បីរកប្រាក់ផ្ញើទៅឱ្យម្ដាយនៅកម្ពុជាចិញ្ចឹមកូន៣នាក់។ ពលរដ្ឋមួយគ្រួសារនេះ មានស្រុកកំណើតនៅខេត្តបាត់ដំបង ជាកម្មករជំនាញផ្នែកសំណងធ្វើការពីរនាក់ប្តីប្រពន្ធបានប្រាក់ឈ្នួលជាង១ពាន់បាតឬស្មើជាង៣០ដុល្លារក្នុងមួយថ្ងៃ។ ពួកគាត់បានជម្លៀសកូន៣នាក់អាយុចន្លោះពី៣ទៅ១១ឆ្នាំទៅកម្ពុជាកាលពីចុងខែមិថុនាដោយសារបារម្ភពីសុវត្ថិភាពពួកគេ។ សព្វថ្ងៃពួកគាត់ធ្វើដំណើរតាមផ្លូវទៅធ្វើការពុំហ៊ាននិយាយភាសាខ្មែរនោះទេ ព្រោះខ្លាចក្រុមក្មេងទំនើងថៃស្ទាក់វាយធ្វើបាប។
ខ្ញុំបន់ស្រន់មិនឱ្យជួបវាទេ បើជួបពួកស្ទាវថៃគឺអត់រស់ទេគេវាយងាប់ គួរឱ្យខ្លាចណាស់បង យើងមករកស៊ីស្រុកគេ មកឃើញផ្ទាល់ភ្នែកអីចឹងគួរឱ្យខ្លាចបំផុត។ ពួកស្ទាវនឹងបងវាអត់ចេះបែងចែកថាល្អអាក្រក់សខ្មៅអីវាគិតតែតាមប្រទេសជាតិការបាញ់គ្នាជម្លោះព្រំដែនឯណោះវាមកទាក់ទងជាមួយទៅវាធ្វើបាបពលករស្លូតត្រង់។ បើតាមពួកថៅកែៗ១០០ភាគរយគេស្រលាញ់ពលករខ្មែរយើងទាំងអស់។
— ពលករខ្មែរធ្វើការសំណង់នៅប្រទេសថៃ សុំមិនបញ្ចេញឈ្មោះ
ពលករខ្មែរធ្វើការសំណង់នៅទីក្រុងបាងកកម្នាក់ទៀត បានថ្លែងថា បច្ចុប្បន្នថៅកែថៃបន្តជួលពលករខ្មែរធ្វើការជាធម្មតា ប៉ុន្តែពួកគាត់បារម្ភពីសុវត្ថិភាពពេលធ្វើដំណើរ និងពេលស្នាក់នៅក្នុងបន្ទប់ជួល ដោយខ្លាចក្រុមក្មេងទំនើងថៃវាយធ្វើបាប។ ពលករមានស្រុកកំណើតនៅខេត្តកំពង់ធំរូបនេះបន្តថា អំឡុងពេលព្រំដែនកម្ពុជានិងថៃមិនទាន់ផ្ទុះអាវុធ នៅតំបន់គាត់ធ្វើការមានពលករខ្មែររាប់ម៉ឺននាក់ ប៉ុន្តែឥឡូវនេះពួកគាត់បានត្រឡប់ទៅកម្ពុជាវិញស្ទើរតែទាំងអស់ ពោលគឺនៅសល់ពលករខ្មែរប្រមាណ១០០នាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាពលករវ័យ៣៥ឆ្នាំរូបនេះ ពុំដឹងថាស្នាក់នៅប្រទេសថៃបានយូរប៉ុន្មានទៀតទេ ខណៈដែលក្រុមក្មេងទំនើងថៃនៅតែបន្តអុកឡុកតំបន់ពួកគាត់។
មនុស្សធ្លាប់ស្គាល់គ្នាពីដើមមកអោនក្បាលដាក់គ្នា សព្វថ្ងៃគ្រាន់តែមើលមុខគេ សម្លក់លើសម្លក់ក្រោម។ ខ្ញុំអត់យល់រឿងជាយដែនហេតុមកស្អប់ដល់គ្នាមិនដឹងរឿងអី។ បើខ្ញុំទៅផ្ទះមិនដឹងយ៉ាងណាកូនខ្ញុំក៏រៀន ម៉ែខ្ញុំក៏ចាស់ហើយខ្ញុំក៏ជំពាក់លុយអង្គការ បើបានគេបន្ធូរបន្ថយ ខ្ញុំក៏ចុះទៅដែរ បើដល់ថ្ងៃគេដឹងតែលុយ មានតែប្រថុយជីវិតហ្នឹង ។ ធ្វើទាំងភ័យខ្លាចសូម្បីតែពេលងូតទឹកក៏ខ្ញុំចង់ហ៊ានងូតដែរ ខ្លាចគេស្គាល់បន្ទប់ បើយប់ព្រលប់ចេះ សូម្បីតែផ្សារមិនឱ្យប្រពន្ធទៅទេ សុខចិត្តត្រីខនិងពងមកចៀនហូបទៅ បិទភ្លើងជិតៗ ហើយសូម្បីតែភ្លើងក៏មិនហ៊ានបើកឱ្យភ្លឺខ្លាំងដែរ
— ពលករខ្មែរធ្វើការសំណង់នៅប្រទេសថៃ សុំមិនបញ្ចេញឈ្មោះ
ពលរដ្ឋខ្មែរទាំងនេះបង្ហាញការឈឺចាប់នៅពេលឃើញជនជាតិថៃរើសអើងពួកគាត់និងបានបង្កអំពើហិង្សាលើពលករខ្មែរ បណ្ដាលឱ្យស្លាប់២នាក់និងរបួសជាច្រើននាក់នៅតំបន់គាត់រស់នៅ។ ពួកគាត់អះអាងថា ក្រុមក្មេងទំនើងថៃភាគច្រើនធ្វើសកម្មភាពនៅពេលយប់ ហើយកន្លែងខ្លះពួកគេបានចូលទៅគាស់ទ្វារបន្ទប់វាយធ្វើបាបតែម្ដង។
កន្លងមកអាជ្ញាធរថៃបានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនកុំប្រើអំពើហិង្សាលើពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃនិងបានព្រមានចាត់វិធានការតាមច្បាប់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ និងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ដើម្បីសាកសួរជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៣០ខែកក្កដា។
ប៉ុន្តែកាលពីថ្ងៃទី២៥ខែកក្កដារដ្ឋលេខាធិការក្រសួងការបរទេស លោក គង់ ភោគ បានថ្លែងថា មន្ត្រីទូតកម្ពុជានៅតែបន្តឆ្លើយតបអំពីតម្រូវការរបស់ពលរដ្ឋ ហើយកម្ពុជាបានតវ៉ា ឬជូនដំណឹងទៅភាគីថៃ អំពីការបង្កអំពើហិង្សាលើពលរដ្ឋខ្មែរនៅប្រទេសថៃនេះ។
អតីតនាយករងទទួលបន្ទុក នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍ថា ប៉ូលិសថៃគឺជាឫសគល់នៃបញ្ហា និងជាអ្នកទទួលខុសត្រូវចម្បង។ ពួកគេបរាជ័យក្នុងការអនុវត្តច្បាប់។ លោកថាមានសេចក្ដីថ្លែងការណ៍ច្បាស់លាស់ពីមន្ត្រីប៉ូលិសថៃថ្នាក់ខ្ពស់ ដែលហាមប្រាមការវាយប្រហារលើពលករចំណាកស្រុក។ លោកបន្ថែមថាអ្នកនាំពាក្យរងរដ្ឋាភិបាលថៃ ក៏បាននិយាយដូច្នោះដែរ។ ប៉ុន្តែ ពួកគេបានត្រឹមលើកឡើងថា រដ្ឋាភិបាលមិនពាក់ព័ន្ធការប្រើអំពើហិង្សាលើពលរដ្ឋធម្មតាឡើយ។ ប៉ុន្តែការអនុវត្តមិនដូច្នេះទេ ដែលបញ្ហានេះបានធ្វើឱ្យថៃបាត់បង់អានុភាព ហើយធ្វើឱ្យប្រទេសថៃមើលទៅអាក្រក់នៅក្នុងភ្នែកអន្តរជាតិ។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសក៍នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា បានមានប្រសាសន៍ថា ការប្រើអំពើហិង្សាលើពលករខ្មែរនេះ ជាអំពើអមនុស្សធម៌ព្រៃផ្សៃខុសច្បាប់ ដែលអាជ្ញាធរថៃគួរតែចាត់វិធានការឱ្យបានតឹងរ៉ឹងតាមច្បាប់។
អំពើហិង្សានេះទោះបីកើតនៅកន្លែងណាក៏គេចមិនផុតពីអាជ្ញាធរថៃត្រូវដឹងត្រូវការពារទប់ស្កាត់ត្រូវចាត់វិធានការណ៍ដែរ។អីចឹងប្រសិនបើបញ្ហានេះនៅតែកើតមានឡើងមានន័យថា អាជ្ញាធរថៃខ្លួនឯងក៏រួមចំណែកក្នុងការប្រព្រឹត្តនូវអំពើហិង្សាបង្កើតការស្អប់ខ្ពើមជាតិសាសន៍នៅក្នុងនឹងដែរ ហើយយើងនឹងយករឿងទាំងអស់នេះផ្សព្វផ្សាយទូទាំងពិភពលោក ឱ្យដឹងហើយឱ្យចូលរួមទប់ស្កាត់ទាំងអស់គ្នាដើម្បីអំពើអាក្រក់ឃោរឃៅសម្លាប់មនុស្សជាតិនេះកើតឡើងចំពោះតែជនស្លូតត្រង់មិនពាក់ព័ន្ធរឿងនយោបាយមិនពាក់ព័ន្ធរឿងក្រៅប្រទេសអីនេះ។
— លោក ឌី ថេហូយ៉ា ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសក៍នៃអង្គការសង់ត្រាល់
លោកបន្តថា ករណីដែលពលករខ្មែរមួយចំនួនបន្តក្រាញននៀលនៅប្រទេសថៃនេះដោយសារពួកគាត់គ្មានជម្រើស ព្រោះជីវភាពក្រីក្រនិងជំពាក់ប្រាក់ធនាគារ។
ថ្មីៗនេះអ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រី ម៉ាលី សុជាតា បានឱ្យដឹងថា ក្នុងរយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧មាន មានពលករខ្មែរប្រមាណ៤សែននាក់ បានត្រឡប់មកកម្ពុជាវិញ ដោយសារពួកគាត់ព្រួយបារម្ភពីសុវត្ថិភាព។ ប៉ុន្តែលោក ឌី ថេហូយ៉ា ឱ្យដឹងថា ចាប់តាំងកងទ័ពកម្ពុជានិងថៃបានផ្ទុះអាវុធដាក់គ្នាមក មានពលករខ្មែរប្រហែល៦សែននាក់បានត្រឡប់មកកម្ពុជាវិញ ក្នុងចំណោលពលករខ្មែរប្រមាណ២លាននាក់ធ្វើការនៅប្រទេសថៃ។
មន្ត្រីសង្គមស៊ីវិលរូបនេះលើកឡើងថា ពលករអាចនឹងត្រឡប់មកកម្ពុជាបន្ថែមទៀតប្រសិនបើស្ថានការណ៍ព្រំដែននៅតែបន្តកើតមាន។លោកថាដើម្បីដោះស្រាយបញ្ហាពលករចំណាកស្រុកនេះ រដ្ឋាភិបាលកម្ពុជាគួរទាក់ទាញអ្នកវិនិយោគទុនពីក្រៅប្រទេសឱ្យបានច្រើនមកបណ្ដាក់ទុកនៅកម្ពុជា ដើម្បីបង្កើនការងារនៅក្នុងស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។