កងទ័ពថៃបន្តរាយបន្លាលួសតាមព្រំដែនរំលោភចូលដីភូមិពលរដ្ឋខ្មែរ

យោធាថៃបន្តរាយបន្លាលួសព័ទ្ធយកដីនៅតាមព្រំដែនដោយឯកតោភាគី បំពានលើលក្ខខណ្ឌបទឈប់បាញ់គ្នារវាងប្រទេសទាំងពីរ។ មន្ត្រីគណបក្សប្រឆាំងបានយល់ឃើញថា រដ្ឋាភិបាលគួរតែទប់ស្កាត់ទាហានថៃឱ្យបញ្ឈប់ការរាយបន្លាលួសរំលោភយកដីតាមព្រំដែន។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​អ្នកស្រី ម៉ាលី សុជាតា បាន​លើកឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១៣ ខែសីហាថា យោធា​ថៃ​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ បាន​ចូល​មក​រាយ​បន្លា​លួស​និង​ដាក់​កង់​ឡាន​នៅ​ច្រក​ជោគជ័យ រួម​ទាំង​បាន​ព័ទ្ធ​យក​ផ្ទះ​សម្បែង​ពលរដ្ឋ​ខ្មែរ​នៅ​ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

អ្នកស្រី​បាន​បញ្ជាក់​ថា នេះ​ជា​សកម្មភាព​រំលោភ​លើ​លក្ខខណ្ឌ​បទ​ឈប់​បាញ់ ដែល​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា ថា​មិន​ត្រូវ​ចល័ត​ទ័ព ឬ​ដើរ​ល្បាត​រុល​ចូល​ទីតាំង​ឈរ​ជើង​ភាគី​ម្ខាង​ទៀត និង​មិន​ត្រូវ​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ​នៅ​តាម​ព្រំដែន ដោយ​តំបន់​ដែល​មិន​ទាន់​ឯកភាព​គ្នា ត្រូវ​រង់ចាំ​ការ​ចរចា​ដោះស្រាយ​ពី​ក្រុម​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​ខណ្ឌ​សីមា​និង​បោះ​បង្គោល​ព្រំដែន​គោក (JBC) របស់​ប្រទេស​ទាំង​ពីរ។

កម្ពុជា​ទាមទារ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ រាល់​សកម្មភាព​ដែល​រំលោភបំពាន​បទ​ឈប់​បាញ់ ព្រម​ទាំង​ស្មារតី​នៃ​ការ​ឯកភាព​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​វិសមាញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC)។

—  អ្នកស្រី ម៉ាលី សុជាតា

កងទ័ព​ថៃ​បាន​ចាប់​ផ្ដើម​ដើរ​រាយ​បន្លា​លួស​តាម​ព្រំដែន​តាំង​ពី​ថ្ងៃ​ទី០៤ ខែសីហា​មក ដោយ​រួម​ទាំង​បាន​បញ្ជូន​គ្រឿងចក្រ​ធន់ធ្ងន់ ឈូសឆាយ​ធ្វើ​ផ្លូវ និង​ជីក​ធ្វើ​លេណដ្ឋាន។ នៅ​ច្រក​អានសេះ និង​នៅ​ចក្រ​ជោគជ័យ ទាហាន​ថៃ​បាន​រាយ​បន្លា​លួស​ព័ទ្ធ​ទាំង​ផ្ទះ​ពលរដ្ឋ និង​បាន​រុះរើ​ផ្ទះ​ពលរដ្ឋ​ខ្មែរ រួម​ទាំង​ការ​យក​បាវ​ខ្សាច់​ធ្វើ​លេណដ្ឋាន​នៅ​ក្នុង​ប្រាសាទ​តាមាន់ធំ​ជាដើម។

ជុំវិញ​បញ្ហា​នេះ អតីត​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន បាន​យល់ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​មាន​វិធានការ​ជាក់លាក់ បញ្ជា​ទៅ​ទាហាន​ខ្មែរ​ឈរ​ជើង​តាម​ព្រំដែន ឱ្យ​ទប់ស្កាត់​ទាហាន​ថៃ​បញ្ឈប់​ការ​ដាក់​រាយ​បន្លា​លួស​រំលោភ​យក​ដី និង​ផ្ទះ​សម្បែង​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន។

ប្រសិន​បើ​រដ្ឋាភិបាល​មិន​ទប់ស្កាត់​ក្នុង​ការ​ររាំង​ទាហាន​ថៃ កុំ​ឱ្យ​រាយ​បន្លា​លួស​បន្ត​ទៀត​ទេ គឺ​ប្រាកដ​ជា​ទឹក​ដី​របស់​យើង​នៅ​តាម​ព្រំដែន នឹង​ត្រូវ​បាត់​ជាបន្តបន្ទាប់​ទៀត អាច​បាត់​រហូត​ដល់​រាប់​រយ​គីឡូ​ទៅ​រាប់​ពាន់​គីឡូ​ម៉េត្រ​ការ៉េ​នៅ​តាម​ព្រំដែន បើ​បាត់​ហើយ​ពិបាក​យក​មក​វិញ​ណាស់​។

—  លោក អ៊ុំ សំអាន

លោក​បាន​បន្ត​ទៀត​ថា ក្រៅ​ពី​នេះ រដ្ឋាភិបាល​គួរ​តែ​ពន្លឿន​ក្នុង​ការ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដោយ​បញ្ចូល​បន្ថែម​តំបន់​មួយ​ចំនួន​ទៀត ដូច​នៅ​តំបន់​ភ្នំទ្រព្យ និង​តំបន់​អានសេះ​ជាដើម។

ស្របពេល​ទាហាន​ថៃ​បន្ត​រំលោភ​លើ​បទ​ឈប់​បាញ់​គ្នា ក្រសួង​ការពារ​ជាតិ​កម្ពុជា ក៏​បាន​ជំរុញ​ឱ្យ​ភាគី​ថៃ​សហការ​ពន្លឿន​ការ​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ដែល​ដឹកនាំ​ដោយ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ផ្ទៀងផ្ទាត់ និង​ធានា​ដល់​ការ​អនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។